ធនាគារ ABA ប្ដូរ Logo ថ្មី បង្ហាញវត្តមានធនាគារជាតិកាណាដា ក្នុងទីផ្សារកម្ពុជា
ការផ្លាស់ប្ដូរ Logo នេះ បង្ហាញពីភាពជោគជ័យដ៏ធំមួយទៀតរបស់ ABA ក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារជាតិកាណាដា ដែលក្លាយជាម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ ABA ក្នុងឆ្នាំ២០១៦។ ការគាំទ្រពីម្ចាស់ភាគហ៊ុនដ៏រឹងមាំ ធ្វើឲ្យ ABA មានឱកាសបន្ថែមក្ដោបយកទីផ្សារប្រកួតប្រជែងខ្ពស់ និងបានបទពិសោធន៍ដ៏ឆ្នើមពីធនាគារជាតិកាណាដា ដែលមានគ្រឹះយ៉ាងស្ដុកស្ដម្ភក្នុងវិស័យធនាគារជាង ១៥០ ឆ្នាំ។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ABA ថ្លែងថា៖ " Logo ថ្មីនេះ បញ្ជាក់ពីជំហរដ៏រឹងមាំរបស់យើង ភាពច្នៃប្រឌិតខ្ពស់ ភាពល្បីល្បាញរបស់យើងក្នុងទីផ្សារ និងការបង្កើនទំនុកចិត្តខ្ពស់ដល់អតិថិជន ព្រមទាំងបង្ហាញថា ABA មានការគាំទ្រយ៉ាងរឹងមាំពីស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុដ៏ធំជាងគេក្នុងទ្វីបអាមេរិកខាងជើង"។
"ខ្ញុំពិតជារីករាយដែលបានចូលរួមដាក់សម្ពោធ Logo ធនាគារ ABA ថ្មី ដែលជានិមិត្តរូបបេ្តជ្ញារបស់ធនាគារជាតិកាណាដាក្នុងទីផ្សារកម្ពុជា។ យើងមានមោទនភាពប្រកាសជាសាធារណៈថា ABA ជាផ្នែកមួយដ៏សំខាន់នៃសម្ព័ន្ធពាណិជ្ជកម្មរបស់ធនាគារជាតិកាណាដា"។ លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិកាណាដា ថ្លែងក្នុងឱកាសសម្ពោធ។
ABA នឹងបន្តអនុវត្តយុទ្ធសាស្ត្រខ្លួនស្របតាមពាក្យស្លោក «ដៃគូដែលលោកអ្នកទុកចិត្តបំផុត» និងបន្តការប្ដេជ្ញារបស់ធនាគារជាតិកាណាដា ក្នុងការជួយគាំទ្រដល់សហគ្រិន និងអាជីវកម្ម ការផ្ដល់សេវាកម្មស្តង់ដារខ្ពស់ និងបន្តផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដល់ប្រជាជនកម្ពុជាទាំងមូល។
ABA (Advanced Bank of Asia Limited) ជាធនាគារពាណិជ្ជឈានមុខគេក្នុងចំណោមធនាគារដទៃ បង្កើតឡើងក្នុងឆ្នាំ១៩៩៦។ ABA មានសាខា ៤២ ម៉ាស៊ីនដាក់ប្រាក់ ៦០ ម៉ាស៊ីន និងទូ ATM ១៦៧ ទូទាំងប្រទេស (គិតត្រឹមថ្ងៃទី១ មករា ២០១៧) ខណៈធនាគារទទួលបានការគាំទ្រពីអតិថិជនជាច្រើនជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើប និងដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល។
ចុងឆ្នាំ២០១៦ ABA មានទ្រព្យសកម្មសរុប ១,១ ពាន់លានដុល្លារ និងមូលធនភាគហ៊ុនិកសរុប ១២៨ លានដុល្លារ។ ម្ចាស់ភាគទុនិកដ៏ធំបំផុតរបស់ ABA គឺធនាគារជាតិកាណាដា www.nbc.ca ដែលជាធនាគារធំជាងគេបំផុតទី៦ នៅកាណាដា ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសខ្នាតតូច និងមធ្យម (SMEs)៕
ប្រភព : Sabay
ไม่มีความคิดเห็น:
แสดงความคิดเห็น