កុមារីដុះដុំសាច់ទម្ងន់ជាង ២គីឡូក្រាមក្រោមចង្កា ដែលគ្មានសង្ឃឹមថានឹងរស់ ទីបំផុតទទួលការវះកាត់ ដោយជោគជ័យ



ប្រេស៊ីល៖ ក្មេងស្រីអាយុ៣ឆ្នាំ ដែលមានដុះដុំសាច់មុខដ៏ធំសម្បើមមួយ បានទទួលការវះកាត់ព្យាបាលសង្គ្រោះជីវិត ដោយជោគជ័យពីសំណាក់ វេជ្ជបណ្ឌិតអាមេរិក។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ។
កុមារី Melyssa Delgado Braga ត្រូវបានគេចាត់ទុកថា ជាក្មេងស្រីម្នាក់ ដែលបានកើតមានជំងឺប្រភេទ Myxoma បណ្តាលឲ្យដុះដុំសាច់ដ៏ធំមួយ លើមុខផ្នែកក្រោមចង្ការបស់នាង ទម្ងន់រហូតដល់ទៅ ២.២គីឡូក្រាម ដែលមិនធ្លាប់ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្រ្ត។
ប្រភពព័ត៌មាន បានឲ្យដឹងថា ដុំសាច់នេះបានដុះចេញនៅចំណុចក្រោមអណ្តាត របស់កុមារីរងគ្រោះ តមកដល់ផ្នែកចង្កានិង.ក ដែលជាហេតុធ្វើឲ្យកុមារីរងគ្រោះ មិនអាចសូម្បីតែលេប ឬញ៉ាំអាហារបានឡើយ ហើយវាថែមទាំងជាបញ្ហាប្រឈមមួយខ្លាំង ដែលបណ្តាលឲ្យនាង កង្វះនូវអាហារូបត្ថម្ភផងដែរ។
ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គ្រូពេទ្យេវះកាត់ក្នុងទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីល បានព្រមានថា កុមារីរងគ្រោះ Melyssa អាចនឹងត្រូវស្លាប់ ដោយសារតែការព្យាបាល គឺអាចប៉ះពាល់ខ្លាំង ដែលនឹងអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់នាងចុះខ្សោយ។ ខណៈខាងវេជ្ជបណ្ឌិតបានអះអាងថា ការវះកាត់អាចនឹងធ្វើឲ្យ បាក់ឆ្អឹងថ្គាមទាំងអស់ នៅជ្រុងខាងស្តាំមុខ របស់កុមារីរងគ្រោះផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរឿងរ៉ាវដ៏កំសត់ របស់កុមារីរងគ្រោះ ត្រូវបានសាយភាយលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈត្រូវបានមហាជនជាច្រើន បានចែករំលែកតៗគ្នាលើករណីមួយនេះ បណ្តាលឲ្យមានការពិភាក្សាជាច្រើនមកនោះ មន្ទីរពេទ្យវេជ្ជសាស្រ្តមួយ នៅសាកលវិទ្យាល័យ Louisiana State University ហៅកាត់ថា (LSU) នៃសហរដ្ឋអាមេរិក បានសម្រេចទទួលយកកុមារីរងគ្រោះ Melyssa ដោយផ្តល់សេវាវះកាត់ព្យាបាល ដោយឥតគិតថ្លៃផងដែរ។
ប្រភពដដែលបានបន្តថា ខាងមន្ទីរពេទ្យខាងលើនេះ បានចំណាយពេលក្នុងប្រតិបត្តិការវះកាត់ យកដុំសាច់ពកនោះចេញ អស់រយៈពេល៨ម៉ោង ដែលត្រូវបានប្រព្រឹត្តធ្វើឡើង តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅមកម្ល៉េះ ដោយទទួលបានជោគជ័យ ខណៈបច្ចុប្បន្នអាការៈរបស់កុមារីរងគ្រោះ បានធូរស្បើយច្រើនជាងមុន ដែលអាចឲ្យនាងញ៉ាំអាហារបាន និយាយនិងសើចលេងបានសប្បាយ ជាធម្មតាវិញផងដែរ។

បើតាមការរៀបរាប់ពីសំណាក់ នាង Carol វ័យ២១ឆ្នាំ ត្រូវជាម្តាយរបស់កុមារីរងគ្រោះ Melyssa បាននិយាយថា «ពួកយើងពិតជាត្រូវការជំនួយ ដើម្បីជួយសង្គ្រោះដល់ជីវិតកូនស្រី របស់ពួកយើងខ្លាំងណាស់។ វេជ្ជបណ្ឌិតក្នុងប្រេស៊ីល បានប្រាប់ពួកយើងថា Melyssa នឹងត្រូវស្លាប់ជាពុំខាន ដោយសារតែការវះកាត់មួយនេះ អាចប៉ះពាល់ខ្លាំង ធ្វើឲ្យប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់នាងចុះខ្សោយ» 
នាងបន្តថា «ពួកយើងបានប្រាប់ Melyssa កូនស្រីរបស់ពួកយើងថា ឱកាសដែលអាចជួយឲ្យនាង បន្តរស់រានមានជីវិតនោះ គឺមានតែប្រកាសស្វែងរកជំនួយ នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ព្រោះពួកយើងក៏បានដឹងដែរថា តម្លៃនៃការប្រតិបត្តិការវះកាត់មួយនេះ គឺវាពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះពួកយើងមានតែប្រកាសស្វែង រកជំនួយតាមរយៈបណ្តាញសង្គម ដើម្បីបានប្រាក់ធ្វើដំណើរ សម្រាប់ការស្នាក់នៅក្នុង ប្រទេសមួយនោះ (សហរដ្ឋអាមេរិក) តែប៉ុណ្ណោះ» 
ដោយឡែក លោក Manassés ឪពុករបស់កុមារី Melyssa ក៏បានឲ្យដឹងដែរថា «ឥឡូវនេះពួកយើងមានសង្ឃឹមឡើងវិញហើយ។ ពួកយើងស្ទើរតែមិនជឿសោះថា ក្រុមវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក មានស្នាដៃយ៉ាងដូច្នេះសោះ ហើយពួកយើងក៏អរគុណដល់សប្បុរសជនទាំងអស់ ដែលមានជួយជ្រោមជ្រែង ដល់គ្រួសារពួកយើងផងដែរ»
គួរឲ្យដឹងដែរថា គ្រួសាររបស់កុមារី Melyssa បានបង្កើតគណនីហ្វេសប៊ុកផេកមួយ ដោយដាក់ឈ្មោះថា «Ajudem a Melyssa» ដើម្បីប្រកាសស្វែងរកជំនួយ ជួយកូនស្រីរបស់ខ្លួន តាំងពីក្នុងកំឡុងខែវិច្ឆិកា កន្លងទៅ។
ក្រុមគ្រួសារមួយនេះ អាចនឹងត្រូវវិលត្រឡប់ទៅកាន់ ប្រទេសប្រេស៊ីលរបស់ខ្លួនវិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុននេះ ខណៈការធ្វើដំណើរត្រឡប់ទៅវិញ របស់កុមារី Melyssa នេះ នឹងផ្តល់ឲ្យនាងមានសុខភាពល្អ ក្នុងជីវិតដ៏ក្មេងវ័យរបស់នាងផងដែរ ៕
ប្រភព​៖​ Khmerload